សម្តេចតេជោ៖ «ការប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល មានបងប្អូនប្រជាពលរដ្ឋទស្សនាយ៉ាងច្រើនកុះករ»

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែតុលានេះ បានអញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ ដែលរៀបចំនៅទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ។ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការប្រណាំងទូកនេះ ក៏ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរនិងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា សំរាប់ការប្រណាំងទូកនេះ មានទូកទាំងអស់ចំនួន៣២គូ ដែលមានគាំទ្រទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ភាពសប្បាយរីករាយទាំងនេះ កើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕